Advertising

ចិនរកឃើញវីរុសចម្លែកមួយទៀតឆ្លងពីស្វាទៅមនុស្ស

 យោងតាមទស្សនាវដ្ដី China Weekly បានឲ្យដឹងថា គ្រូពេទ្យវះកាត់សត្វអាយុ ៥៣ ឆ្នាំ មានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំងបានស្លាប់ បន្ទាប់ពីបានឆ្លងវីរុសស្វា B (BV) ហើយវាជាករណីឆ្លងមនុស្សដំបូងបង្អស់របស់ប្រទេសនេះ ។

សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា បុរសនោះបានឆ្លងវីរុសនេះ បន្ទាប់ពីរកឃើញសត្វស្វា ២ ក្បាលដែលស្លាប់នៅក្នុងមន្ទីរពិសោធន៍ទីក្រុងប៉េកាំង កាលពីថ្ងៃទី ៤ និង ៦ ខែមីនា ។ មួយខែក្រោយមក ពេទ្យសត្វដែលមិនបញ្ចេញឈ្មោះបានចាប់ផ្តើមមានអារម្មណ៍ចង្អោរ និងក្អួតមុនពេលមានអាការៈក្តៅខ្លួន និងរោគសញ្ញាខាងសរសៃប្រសាទ ។ គាត់បានស្លាប់នៅថ្ងៃទី ២៧ ឧសភា បន្ទាប់ពីបានទៅមន្ទីរពេទ្យ និងជួបគ្រូពេទ្យជាច្រើន ។

សំណាកដែលប្រមូលបានពីបុរសម្នាក់នេះកាលពីខែមេសា បានបញ្ជាក់ថា គាត់បានឆ្លងវីរុស BV ប៉ុន្តែវាហាក់ដូចជា គាត់មិនបានចម្លងវីរុសនេះទៅនរណាម្នាក់ទេ បន្ទាប់ពីសាច់ញាតិជិតស្និទ្ធរបស់គាត់ បានធ្វើតេស្តអវិជ្ជមាន ។

ទោះបីជាការឆ្លងវីរុសស្វា BV កម្រកើតមានសម្រាប់មនុស្សក៏ដោយ តែការឆ្លងអាចនាំឲ្យមានការខូចខួរក្បាលធ្ងន់ធ្ងរ ឬស្លាប់ ប្រសិនបើអ្នកមិនបានទទួលការព្យាបាលភ្លាមៗ ។

យោងទៅតាម CDC ចិនបានឲ្យដឹងថា ការឆ្លងវីរុសស្វា BV ដល់មនុស្សត្រូវបានគេកត់ត្រា ក្នុងចំណោមអ្នកស្រាវជ្រាវមន្ទីរពិសោធន៍អាមេរិកខាងជើង ពេទ្យសត្វ និងបុគ្គលិកដែលធ្វើការជាមួយសត្វ ។

CDC បាននិយាយថា “ជាធម្មតាមនុស្សឆ្លងវីរុស BV ប្រសិនបើពួកគេត្រូវបានខាំ ឬខ្វាចដោយស្វាដែលឆ្លងរោគ ឬមានទំនាក់ទំនងជាមួយភ្នែក ច្រមុះ និងមាត់របស់ស្វា ។

ចំណែកទស្សនាវដ្ដី China Weekly មិនបានបញ្ជាក់ពីលក្ខណៈពិត នៃការស្លាប់របស់គ្រូពេទ្យសត្វនោះទេ ប៉ុន្តែបាននិយាយថា អត្រាមរណភាពនៃការឆ្លងមាននៅចន្លោះពី ៧០ ទៅ ៨០ ភាគរយ ហើយក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា វីរុស BV នៅក្នុងសត្វស្វាបង្កជាការគំរាមកំហែងដ៏ខ្លាំងក្លា សម្រាប់អ្នកធ្វើការផ្នែកសុខភាពសត្វ ៕

No comments